ប្រទេសថៃបានគំរាមកំហែងកាត់ទោសដល់ក្រុមហ៊ុនFacebook ពីបទមិនព្រមលុបនៅខ្សែvideoរបស់ព្រះមហាក្សត្រ.... - Khmer News Daily

Latest

Tuesday, May 16, 2017

ប្រទេសថៃបានគំរាមកំហែងកាត់ទោសដល់ក្រុមហ៊ុនFacebook ពីបទមិនព្រមលុបនៅខ្សែvideoរបស់ព្រះមហាក្សត្រ....

ថៃ៖  វីដេអូដ៏គួរឱ្យអាម៉ាសមួយរបស់ព្រះមហាក្សត្រប្រទេសថៃ ពាក់អាវខ្លីវាលក្លៀក ពណ៌លឿង បង្ហាញរូបសាក់ក្លែងក្លាយនៅលើព្រះកាយទ្រង់  បានជំរុញឲ្យអាជ្ញាធរថៃ គំរាមប្តឹងក្រុមហ៊ុនហ្វេសប៊ុក។  នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូដែលថតសកម្មភាពរបស់ព្រះអង្គ មហា វិជ្ជរ៉ាឡុងកន ដើរនៅផ្សារទំនើបជាមួយនារីម្នាក់  ត្រូវបានអ្នកនិយមលេងអ៊ិនធើណេត នាំគ្នាចែកចាយបន្ត (Share) ភ្លូកទឹកភ្លូកដីលើបណ្តាញសង្គមហ្វេសប៊ុកមួយនេះ។ អាជ្ញាធរថៃបានគំរាមចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុនហ្វេសប៊ុក  ប្រសិនបើវីដេអូនោះ នៅតែឃើញមានបន្តទៀត ដោយកំណត់ពេលឲ្យក្រុមហ៊ុនហ្វេសប៊ុក នៅត្រឹមម៉ោង ១០ ព្រឹកថ្ងៃអង្គារ ទី១៦ ឧសភា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា វីដេអូដែលត្រូវបានគេបង្ហោះនោះ ​ថតនៅក្នុងទីក្រុងមុយនិច (Munich) ប្រទេសអាល្លឺម៉ង់ កាលពីខែកក្កដា ឆ្នាំមុន។  ក្នុងនោះគេឃើញព្រះមហាក្សត្រថៃ ដែលទើបឡើងគ្រងរាជ្យសម្បត្តិកាលពីឆ្នាំមុន បន្ទាប់ពីបិតាទ្រង់ចូលទិវង្គត  មានរូបស្នាមសាក់ជាច្រើននៅលើដៃ ពោះ និងខ្នង។
យោងតាមអ្នកសង្កេតម្នាក់ ដែលធ្វើការកត់សម្គាល់ បានឲ្យដឹងថា ស្នាមសាក់ទាំងនោះប្រហែលជាសាក់ក្លែងក្លាយ ដែលអាចលុបបាន ដោយសាររូបសាក់ទាំងនោះ មិនដូចគ្នាទៅនឹងរូបសាក់ ដែលត្រូវបានគេឃើញក្នុងរូបថតនៅអាកាសយានដ្ឋានក្រុងមុយនិច (Munich) កាលពីដើមឆ្នាំ ២០១៦ ឡើយ។
តែយ៉ាងណាមិញ នៅក្រោមច្បាប់ប្រមាថព្រះចេស្តាដ៏តឹងរ៉ឹងក្នុងប្រទេសថៃ នរណាក៏ដោយអាចនឹងជាប់ពន្ធនាគារ រហូតដល់ ១៥ ឆ្នាំ បើសិនជាហ៊ានចែកចាយបន្ត (Share) អ្វីមួយដែលជាការប្រមាថដល់ព្រះមហាក្សត្រ។
គួរបញ្ជាក់ថា វីដេអូមួយនេះត្រូវបានបិទមិនឲ្យមើលឃើញ នៅតាមតំបន់មួយចំនួនដោយបណ្តាញសង្គមនេះ ប៉ុន្តែអាជ្ញាធរថៃ និយាយថា ទំព័រហ្វេសប៊ុកចំនួន ១៣១ទំព័រ កំពុងនៅតែផ្ទុកវីដេអូខុសច្បាប់មួយនេះដដែល។
អគ្គលេខាធិការនៃគណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិ លោក Takorn Tantasith បានថ្លែងថា "ប្រសិនបើទំព័រខុសច្បាប់ណាមួយនៅតែមានវីដេអូនេះទៀត យើងនឹងពិភាក្សាភ្លាមៗ ដើម្បីរកមើលវិធានការច្បាប់ណាមួយ ក្នុងការប្រឆាំងនឹងក្រុមហ៊ុនហ្វេសប៊ុកនៅប្រទេសថៃ"។
ដោយឡែកកាលពីសប្តាហ៍មុន សមាគមអ្នកផ្តល់សេវាអ៊ីនធឺណិតនៅប្រទេសថៃ ក៏បានផ្ញើសារអេឡិចត្រូនិក ឬអ៊ីម៉ែល ទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg ផងដែរ ស្នើឲ្យលុបវីដេអូនោះចេញ។  នេះបើយោងតាមរបាយការណ៌របស់កាសែតបាងកកប៉ុស្តិ៍៕
ប្រភព : Dailymail

No comments:

Post a Comment