មានបុរសចូលចិត្តមានបញ្ហាចំណាស់ម្នាក់ ទៅអង្គុយលើកៅអីមុខស្ថានីយប្រេងឥន្ទនះ ហើយនិយាយស្វាគមន៏ទៅកាន់អ្នកបើកបរដែលឆ្លងកាត់តំបន់ដែលគាត់រស់នៅជារៀងរាល់ថ្ងៃ។
ថ្ងៃមួយ ចៅស្រីរបស់គាត់បានមកអង្គុយកំដរជាមួយដែរ។ ទាំងពីរនាក់អង្គុយសម្លឹងមើលអ្នកបើកបររថយន្តទៅមកៗ ស្រាប់តែឃើញមនុស្សប្លែកមុខ រូបរាង ខ្ពស់ស្រឡះ ទំនងដូចជាអ្នកទេសចរណ៏ គេបានដើរសួរគ្រប់ទីកន្លែងហាក់បីដូចជា រកកន្លែងតាំងលំនៅដ្ឋានថ្មីអញ្ចឹង។ គេបានដើរចូលមកសួរថា: " លោកពូ! តើតំបន់នេះការរស់នៅយ៉ាងម៉េចដែរ?"
តាចាស់នោះ បែរមកតបវិញថា " អឺ!...តើលោកក្មួយមកពីតំបន់បែបណាដែរ?"
អ្នកទេសចរណ៏ឆ្លើយ " តំបន់ដែលខ្ញុំធ្លាប់រស់នៅនោះ គេចូលចិត្តតិះដៀលនិយាយដើមគ្នា ចូលចិត្តរិះគន់និន្ទាំឈ្នានីសគ្នាទៅវិញទៅមក និយាយរួមទៅទីនោះមិនគួរឪ្យចង់រស់នៅឡើយ...ខ្ញុំសប្បាយចិត្តណាស់ដែលបានចាកចេញពីកន្លែងនោះ។ នៅទីនោះរស់នៅគ្មានសេចក្តីសុខឡើយ"
គ្រាន់តែស្តាប់ចប់ភ្លាម តាចាស់នោះក៏តបវិញថា " ខ្ញុំសូមប្រាប់ចុះថា កន្លែងនេះគឺវាប្រហាក់ប្រហែលតែគ្នាហ្នឹង!!!"
១ម៉ោងក្រោយមក មានរថយន្តមួយគ្រឿងទៀតដឹកអ្នកដំណើរមួយក្រុម គ្រួសារ បានឈាងចូលមកចាក់សាំងនៅស្ថានីយ៏ ហើយចតនៅនឹងមុខកន្លែងដែលតាចាស់នោះអង្គុយ។ មានស្រ្តីម្នាក់នឹងក្មេងពីរនាក់ចុះពីរថយន្តដើរមកសួរគាត់ថា" លោកអ៊ុំ! តើបន្ទប់ទឹកនៅត្រង់ណាដែរ?"
គាត់ក៏លើកដៃចង្អុលទៅទ្វារផ្ទះមួយខ្នង.....នៅខាងលើមានបិទផ្លាកសញ្ញាបល់រវិចៗមួយផ្ទាំង។ ឪពុករបស់ក្មេងនោះ ក៏ចុះពីលើរថយន្ត ហើយមកសួរគាត់ដែរថា...." លោកពូ! នៅតំបន់នេះពិតជាមិនអន់ទេមែនទេ?"
តាចាស់នោះសួរវិញថា "ចុះតំបន់ដែលក្មួយរស់នៅយ៉ាងម៉េចដែរ?"
ឪពុកក្មេងនោះបានតបវិញថា " តំបន់ដែលខ្ញុំរស់នៅនោះ សម្បូរមនុស្សចិត្តល្អគួរឪ្យរាប់អាន អ្នកស្រុកចេះជួយគ្នា ទៅវិញទៅមក មិនថាទៅណាមកណាទេ តែងមានមនុស្សសួររួសរាយ រាក់ទាក់ ចេះសម្តែងការគួរសមចំពោះគ្នាខ្លាំងណាស់ ខ្ញុំមិនចង់ចាកចេញពីតំបន់នោះទេ!....."
តាចាស់នោះងើបមុខមក ហើយញញឹមដាក់រួចតបវិញថា " តាមពិតទៅ តំបន់នេះក៏មិនខុសគ្នាអីប៉ុន្មានដែរ"
មួយសន្ទុះក្រោយមក ក្រុមគ្រួសារនោះក៏នាំគ្នាឡើងជិះរថយន្តវិញ ហើយបក់ដៃអគុណ រួចក៏បើករថយន្តធ្វើដំណើរបន្តទៀតទៅ។
បន្ទាប់ពីក្រុមគ្រួសារនោះទៅឆ្ងាយហើយ ចៅបានងើយមុខសួរតាខ្លួនថា " លោកតា ហេតុអីលោកតាប្រាប់អ្នកដំបូងថា តំបន់នេះគឺគួរឪ្យខ្លាចណាស់ តែបែរជាមកប្រាប់ដល់អ្នកទីពីរថា តំបន់នេះគួរឪ្យចង់រស់នៅទៅវិញ? "
លោកតាសម្លឹងមើលកែវភ្លែកដ៏ស្រល់ថារបស់ចៅ ដោយក្តីអាណិត អាសូរហើយតបវិញថា "មិនថាយើងផ្លាស់ប្តូរទៅរស់នៅកន្លែងណាទេ យើងតែងតែនាំយកនូវការប្រព្រត្តឹរបស់ខ្លួនទៅជាប់ជានិច្ច....ទីកន្លែងនោះរស់នៅល្អឬអាក្រក់ គឺវាអាស្រ័យលើខ្លួនយើងផ្ទាល់ប៉ុណ្ណោះ" ៕
ប្រភព: Miine Book

No comments:
Post a Comment